Wednesday, May 18, 2016

ខ្មែរ​នៅ​ន័រវ៉េ​ រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ នៅ​ភ្នំ​ដងរែក

ខ្មែរ​នៅ​ន័រវ៉េ​ រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ​នៅ​ភ្នំ​ដងរែក

RFA Khmer, ដោយ តាំង សារ៉ាដា, 2010-05-12 
 ពលរដ្ឋ​ខ្មែរ​នៅ​ ន័រវ៉េ ដែល​ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួន​ជាង ១០០​នាក់ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ ឧសភា បាន​នាំ​គ្នា​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​ជន​ភៀស​ខ្លួន​ ខ្មែរ ដែល​បាន​បាត់​បង់​ជីវិត​យ៉ាង​ច្រើន ដោយសារ​អាជ្ញាធរ​ថៃ​ដឹក​យក​ទៅ​ចាក់​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នៃ​តំបន់ ​ប្រាសាទ​ព្រះវិហារ ក្នុង​អំឡុង​ឆ្នាំ​១៩៧៩។
 
អគ្គលេខាធិការ​នៃ ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ប្រចាំ​ទីក្រុង Kristiansand នៃ​ប្រទេស​ន័រវ៉េ លោក អៀ ចាន់ណា ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​មាន​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ​ឡើង​ ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​នឹក​ឃើញ​អនុស្សាវរីយ៍​ដ៏​រន្ធត់ នៅ​គ្រា​ដែល​ទាហាន​ថៃ​ដឹក​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​យក​ទៅ​ចាក់​ទម្លាក់ និង​បាញ់​ចម្រុះ​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​មិន​ដែល​ភ្លេច។
លោក អៀ ចាន់ណា បាន​បញ្ជាក់​ថា ៖ «ត្រូវ​បាន​ទាហាន​ថៃ​ហ្នឹង​បញ្ជូន​ ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យ​ទៅ​ស្លាប់។ អ្នក​ខ្លះ​ស្លាប់​ដោយសារ​ត្រូវ​ទាហាន​ថៃ​បាញ់ អ្នក​ខ្លះ​ស្លាប់​ដោយសារ​ធ្លាក់​ពី​លើ​ភ្នំ​ដងរែក​ជាដើម។ គាត់​ទាំង​អស់​គ្នា​មាន​ទឹក​ចិត្ត​ក្នុង​ការ​ចូលរួម ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ដល់​វិញ្ញាណក្ខន្ធ​របស់​បង​ប្អូន​ខ្មែរ​ ទាំង​អស់​ហ្នឹង ឲ្យ​ពួក​គាត់​បាន​ទៅ​សុគតិភព​ទាំង​អស់​គ្នា»

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ចំនួន ៤៩៤​ទំព័រ ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៧ ថា​យោធា​ថៃ​បាន​ភ្ជង់ និង​រុញ​ទម្លាក់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ ៤​ម៉ឺន​៥​ពាន់​នាក់ រួម​មាន​កូន​ក្មេង មនុស្ស​ចាស់​ជរា និង​ស្ត្រី ពី​លើ​ខ្នង​ភ្នំ​ព្រះវិហារ​ចូល​ក្នុង​ចម្ការ​មីន។

របាយការណ៍​ដដែល​នោះ​ ក៏​បាន​ដក​ស្រង់​សេចក្ដី​ថ្លែង​ការណ៍​ របស់​នាយក​ រដ្ឋមន្ត្រី​ថៃ លោក​មេ​បញ្ជាការ គ្រៀងសាក់ ចូម៉ានន់ (Kriangsak Chomanan) នា​ដំណាក់កាល​នោះ ដែល​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បង្ខំ​ចិត្ត​ចាត់​វិធានការ​លើ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ហូរ​ចូល​ក្នុង​ប្រទេស​ថៃ​ថែម​ទៀត ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ថៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​ខ្មែរ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ថា ថៃ​មិន​អាច​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​បាន​ឡើយ។

លោក អៀ ចាន់ណា មាន​ប្រសាសន៍​បន្ត​ថា លោក​មាន​គម្រោង​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៅ​មុខ​ទៀត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រមូល​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ ឬ​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ អំពី​បទ​ឧក្រិដ្ឋកម្ម​នេះ។

លោក អៀ ចាន់ណា បាន​អះអាង​ថា ៖ «ចំពោះ​មេ​ដឹកនាំ​សៀម​នៅ​ក្នុង​សម័យ​ កាល​ហ្នឹង​ដែល​ធ្វើ​ការ​កាប់​សម្លាប់​ទៅ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​យក​លេស​ថា អង្គការ​សហ​ប្រជាជាតិ​នេះ​មិន​ជួយ​ធ្វើ​ការ​ជ្រោមជ្រែង​ទៅ​ដល់​ជន​ភៀស​ខ្លួន ​ខ្មែរ​ឲ្យ​ទាន់​ពេល​វេលា ដូច្នេះ​គឺ​ជា​ទង្វើ​អ​មនុស្សធម៌​មែនទែន! យើង​គួរ​ណាស់​តែ​គិត​ទៅ​ដល់​មនុស្ស​ជាតិ​ដូច​គ្នា យើង​គួរ​ណាស់​តែ​ជួយ​សន្ដោស​ប្រោស​ប្រណី អនុញ្ញាត​ឲ្យ​គ្នា​រួច​រស់ ទម្រាំ​ដល់​ពេល​អង្គការ​សហ​ប្រជាជាតិ​មាន​ឱកាស​ជួយ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មិន​គិត​អ៊ីចឹង​ទេ គឺ​ថា គេ​ឃើញ​ខ្មែរ​យើង​ស្លាប់​នៅ​ក្នុង​ស្រុក​ច្រើន​ហើយ គ្នា​ចង់​រួច​រស់​មក​ដើម្បី​រស់​រាន​មាន​ជីវិត យក​ទៅ​សម្លាប់​ម្ដង​ទៀត! ស្ទើរ​តែ​ផុត​ពូជ​ខ្មែរ​តែម្ដង! ដូច្នេះ​គឺ​ជា​ការ​សម្លាប់​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​មួយ​ផង​ដែរ បើ​យើង​គិត​មែនទែន​ទៅ!»

លោក ឃឿន សំខាន់ ដែល​ជា​និពន្ធ​នាយក និង​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ​កំណាព្យ ឱ​មហា​ភ្នំ​ដងរែក ដែល​រៀបរាប់​ពី​ទុក្ខ​វេទនា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​រង​ការ​កាប់​សម្លាប់​ដោយ​ក្រុម​ទាហាន​ថៃ​ពី​លើ​ខ្នង​ភ្នំ​ដងរែក មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ន័រវ៉េ ក្នុង​ការ​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នេះ ដែល​វា​ជា​គំរូ​ដ៏​ល្អ​មួយ។

លោក ឃឿន សំខាន់ បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​ជា​សកម្មភាព​ដ៏​ល្អ វិសេស​វិសាល​បំផុត​ហើយ! ខ្ញុំ​ថា ការណ៍​ដែល​ធ្វើ​ហ្នឹង​នឹង​នៅ​ចង​ចាំ​ជានិច្ច ជា​ពិសេស​បុព្វការី​ជន​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ទៅ។ មួយ​ទៀត​គឺ​ជា​សក្ខីភាព​មួយ​ដ៏​ល្អ!»

លោក​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​យក​គំរូ​តាម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ ប្រទេស​ន័រវ៉េ ដើម្បី​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត ។ លោក​ថ្លែង​ថា ជន​រងគ្រោះ ឬ​គ្រួសារ​ជន​រងគ្រោះ​គួរ​ចង​ក្រង​ជា​ឯកសារ និង​ព្យាយាម​សរសេរ​អំពី​រឿង​រ៉ាវ​នៃ​គ្រា​ដែល​រដ្ឋាភិបាល​ថៃ​យក​ពលរដ្ឋ​ ខ្មែរ​ទៅ​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នេះ ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ដឹង និង​អាច​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕

No comments:

Post a Comment