Friday, June 3, 2016

កសាងស្មារតីយុវជនជំនាន់ថ្មី ដើម្បីការផ្លាស់ប្តូរ

 

កសាងស្មារតីយុវជនជំនាន់ថ្មី និងឯកសារ ដើម្បីការផ្លាស់ប្តូរ

អត្ថបទ ម៉ែន ណាត,  03.th/6/2016
យើងចំណាយពេលជាង ២០ ឆ្នាំ សម្រាប់ ការរៀនសូត្រ និងស្រាវជ្រាវ ហើយ ជាមួយ គ្នានេះ ប្រើពេលជាង ១០ ចូលរួមប្រយុទ្ធ ប្រឆាំងនឹង អំពើអយុត្តិធម៌សង្គម, ជួយ ពង្រឹងសហជីព, ទាមទារសិទ្ធិ/លក្ខខណ្ឌ ការងារល្អ ជូនរមន្ត្រីរាជការ និង ស្វែងរកការពិត ដើម្បីការពារបូរណភាព ទឹកដីខ្មែរ។ ទន្ទឹមនឹងនោះ យើងបានជួយ កិច្ចការបក្សប្រឆាំង ក្នុងរដ្ឋសភាសព្វថ្ងៃជាង ១០ ឆ្នាំដែរ មកទល់ពាក់កណ្តាល ឆ្នាំ២០១៤។

ឥឡូវពាក់កណ្តាលជីវិតទៅហើយ ហើយការរំពឹងទុក ដែលថាកម្ពុជានឹងមាន ពន្លឺល្អ ប៉ុន្តែ មិនមានទេ សម្រាប់ ពលរដ្ឋខ្មែរ គឺនៅតែជួបការលំបាកដដែល។ រឿង អយុត្តិធម៌ រឿងជម្លោះ ព្រំដែន និង ការបំផ្លាញធម្មជាតិ នៅតែដដែល។ គណបក្សមួយ ដែល យើងចំណាយពេល ជួយជាង ១០ ឆ្នាំ ហើយចុងក្រោយ ពួកយើងរៀបចំ ក្រុមកិច្ចការពិសេស ជួយឲ្យពួកគេ បង្រួបបង្រួមបក្សចូលគ្នា រហូតទទួលបានជ័យជំនះ ក្នុងការបោះឆ្នោត ឆ្នាំ២០១៣ (សេចក្តីថ្លែងការណ៍ CNRP ល្ងាចថ្ងៃទី២៨ កក្កដា ២០១៣)។ ប៉ុន្តែគ្មានបានលទ្ធផលអ្វីទេ គឺយើង ឃើញតែ ពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ទាំងស្លាប់ របួស ជាប់គុក និងការគំរាមនានា។ ហើយពីរសប្តាហ៍មក នេះ តំណាងរាស្រ្ត ២ រូប រងគ្រោះ យ៉ាងអយុត្តិធម៌ គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា ហើយនិង អនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា មកពីបក្សប្រឆាំង ដែលយើងធ្លាប់ជួយ ត្រូវបានបក្សកាន់អំណាច ដកហូតតួនាទី ទាំងរំលោភច្បាប់។ ខែវិច្ឆិកា ២០១៥ លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាបក្សកាន់អំណាច របស់លោក ហ៊ុន សែន ដកអភ័យឯកសិទ្ធិ តំណាងរាស្រ្ត ដោយគ្មានមូលដ្ឋានច្បាប់។ 

ថ្ងៃទី១១ មេសា ឆ្នាំ២០១៦ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានតុលាការ ចោទប្រកាន់ និងចាប់ខ្លួន តាមបញ្ជារបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីបទក្លែងបន្លំ ផែនទីព្រំដែនខ្មែរ-យួន និងញុោះញង់រើសអើងជាតិសាសន៍។ តាមពិតលោក អ៊ុំ សំអាន គឺជា តំណាងរាស្រ្តល្អ មានស្មារតី ស្រឡាញ់ជាតិ និងជាអ្នកស្វែងរកការពិត ជូនពលរដ្ឋខ្មែរ។ ក្រៅពីនេះ នៅមានមន្រ្តីអង្គការសង្គមស៊ីវិល ៤ រូប (លោក នីសុខា, លោក ណៃ វ៉ង់ដា, លោក យី សុខសាន្ត, លោកស្រី លឹម មុន្នី) និង មន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ១ រូប (លោក នី ចរិយា) រងការជាប់ឃុំឃាំង យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី០៣ ខែឧសភា ២០១៦។


ពេលនេះ យើងសន្សំពេលវេលាខ្លះ ជួយកិច្ចការសង្គម និង កសាងស្មារតីយុវជន ជំនាន់ថ្មី ព្រមទាំង ចងក្រងឯកសារខ្លះ សម្រាប់ជាទស្សនវិស័យ ជូនអ្នកដឹកនាំ ជំនាន់ថ្មី ជាទុន ក្នុងការនាំនាវាកម្ពុជា ឈានទៅរកការផ្លាស់ប្តូរវិជ្ជមានមួយ។

No comments:

Post a Comment