Sunday, June 12, 2016

ពលរដ្ឋខ្មែរនៅអឺរ៉ុប ៣០០នាក់ បាតុកម្មទាមទារឲ្យដោះលែង អ្នកទោសមនសិការ


ពលរដ្ឋខ្មែរប្រមាណ ៣០០ នាក់ មកជួបជុំធ្វើបាតុកម្ម នៅទីក្រុងប៉ារីស ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦។ ពួកគេសរសេរញតិ្តជាភាសាបារាំង និងអង់គ្លេស ដាក់ជូនទៅសភាអឺរ៉ុង, ប្រធានាធិបតីបារាំង និង អង្គការសហប្រជាជាតិ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបញត្តិ ជាភាសាខ្មែរ។
........................
ញត្តិពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ស្តីពី ការធ្វើទុក្ខបុកម្មេញ នយោបាយ និង ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា៖ ផ្ញើជូន សហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, ជូនទៅរដ្ឋសភាអឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

យើងខ្ញុំជាអ្នកតំណាងសង្គមស៊ីវិល និងជនរួមជាតិ ដែលរស់នៅប្រទេសបារាំង និងសហគមន៍អឺរ៉ុប បានមកជួបជុំគ្នា នៅទីលាន សិទ្ធិមនុស្ស ទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីតវ៉ា ប្រឆាំងការរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ឆ្នាំ១៩៩១ ពីសំណាក់រដ្ឋាភិបាល របស់លោក ហ៊ុន សែន​។

រយៈពេល ២៥ ឆ្នាំមកនេះ របបផ្តាច់ការ ប្រជាភិថុត ដ៏សែនពុករលួយរបស់ លោក ហ៊ុន សែន តែងតែរំលោភសិទ្ឋិមនុស្ស និងគោលការណ៍លទ្ឋិប្រជាធិបតេយ្យ នៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ រដ្ឋាភិបាល បាននិងកំពុង រំលោភអំណាច លើរដ្ឋសភា និង ប្រព័ន្ធតុលាការ ដើម្បីបញ្ចប់អភ័យឯកសិទ្ធិសមាជិកសភា លោក សម រង្ស៊ី, និងដកតួនាទី ពីអនុប្រធានទី១ រដ្ឋសភារបស់ លោក កឹម សុខា ព្រមទាំងចាប់ឃុំខ្លួនសមាជិកសភា លោក អ៊ុំ សំអាន ដែលនៅមាន អភ័យឯកសិទ្ធិនៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាល ប្រើយន្តការតុលាការ បន្តចាប់ឃុំខ្លួនមន្រ្តីសង្គមស៊ីវិល ៤ រូបគឺលោក ណៃ វ៉ង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា, លោក យី សុខសាន្ត ហើយនិង អគ្គលេខាធិការរង គ.ជ.ប ១ រូបគឺលោក នី ចរិយា។ មកដល់ពេលនេះ  មានចំនួន ២៥ នាក់ហើយ កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ។

ដោយហេតុនេះ ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប មកជួបប្រជុំគ្នាធ្វើបាតុកម្មអហិង្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តជាដាច់ខាតនូវ៖
1.    ការដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកនយោបាយទាំងអស់ ដែលកំពុង ជាប់ឃុំឃាំង ឲ្យមាន សេរីភាព ដោយគ្មានលក្ខខណ្ឌ។
2.    ការទម្លាក់ចោលបទចោទប្រកាន់នានា ទៅលើមេដឹកនាំបក្សប្រឆាំង, មន្រ្តីសិទ្ធិមនុស្ស មន្រី្ត គ.ជ.ប និង ក្រុមអ្នកប្រឆាំង ជាបន្ទាន់។
3.    ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។
4.    ការព្រមផ្ទេរអំណាច ដោយសន្តិវិធី និងយុត្តិធម៌ នៅពេលបោះឆ្នោតជាតិនិមួយៗ ។


ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦
ហត្ថលេខា ពីតំណាងចំនួន ១០ អង្គការ សមាគម

No comments:

Post a Comment