Sunday, June 26, 2016

សម្ភាសសាក្សី​ ហេង ពៅ ដ៏​សំខាន់ដែល​តាម​លង ហ៊ុន សែន



សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន
ដោយ: ដារា រិទ្ធ April 06, 2016,
http://monoroom.info/news/post/3665

តើពាក្យសំដី ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នារវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់​ជាង​អតីត​មន្ត្រី​ដ៏​ជិត​ស្និត របស់​លោក​​ខ្លួន​ឯង​នោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ច​សម្ភាស​ទាំង​ស្រុង របស់អតីត​មន្ត្រី​ម្នាក់ ដែល​របប​ក្រុង​ភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ​ ស្ថិត​នៅ​ទី​ណា​ក៏ដោយ​។

គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជា​រដ្ឋលេខា​នៅ​ក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់អតីតមន្ត្រីរូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់​ដាក់​ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោន​នៅក្រៅ​ប្រទេស​ដែរ។ នៅ​ទី​បំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យតុលាការនៅភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។

តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរ​ខ្មែរ​ខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ មាន​កម្រិត​មិនស្មើរ នឹងឃាតករដែលបានបាញ់សម្លាប់ សិល្បៈការិនី ​នាង ពិសិដ្ឋ ពិលីការ - មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ឬឃាតករដែលបាន​បោកគ្រាប់បែក នៅមុខរដ្ឋសភា(ចាស់)ទេឬ ទើបជនទទួល​ខុស​ត្រូវ​ក្នុង​ករណី​ទាំងនេះ មិនដែលត្រូវបានចាប់ មកផ្ដន្ទាទោសទាល់តែសោះ? គេបានឆ្ងល់ទៀតថា ប្រសិនជា​អតីត​មន្ត្រី​រូប​នេះ គឺជាមេក្លោង នៅពីក្រោយឧក្រិដ្ឋកម្មនានា ក្នុងរយៈពេលដ៏យូរមកនោះ តើហេតុអ្វីត្រូវរងចាំ​រហូត​ចុង​ឆ្នាំ​២០០៦ ទើប​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ទើបនឹងចាត់វិធានការ យកអតីតមន្ត្រីម្នាក់នេះ និងបក្ខពួក​មក​កាត់​​ទោស ?

គ្មាននរណាម្នាក់មិនស្គាល់ និងមិនល្បី ពីជនម្នាក់នេះទេ ជាពិសេសគេបានស្គាល់ជននេះច្បាស់ កាល​ពី​អំឡុង​ពេល​ដែលជននេះមានអំណាច កាន់កងកម្លាំងប្រដាប់អាវុធ ពេញមួយរាជធានីភ្នំពេញ។ អតីតមន្ត្រីរូបនោះ ឈ្មោះ ហេង ពៅ ជាអតីតស្នងការរាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់ អមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តែផ្ទុយ​​ទៅវិញ គ្មាននរណាដឹងពីចម្លើយតបពិតប្រាកដ ទៅនឹងសំនួរទាំងប៉ុន្មានខាងលើ ក្រៅតែពីលោក ហ៊ុន សែន និងក្រុមមន្ត្រីដែលស្និត ឬ(មួយចំនួន) កាន់ក្ដាប់ផ្ទាល់ នូវសំនុំរឿងទាំងនេះឡើយ។ រឿងដែល​សំខាន់​នោះ នៅត្រង់ថា លោក ហេង ពៅ ខ្លួនលោក ក៏ធ្លាប់ស្ថិតក្នុងចំណោម​នៃក្រុមមន្ត្រីទាំងនោះដែរ។ ហើយនៅ​ពេល​ដែល​លោក បានដឹងថា ខ្លួនលោកគឺជាទិសដៅ នៃការតាមកំចាត់របស់រដ្ឋាភិបាល របស់លោក ហ៊ុន សែន នោះ លោក ហេង ពៅ បានទម្លាយនូវសក្ខីកម្មដ៏ព្រឺព្រួច និងកម្របានជួបប្រទះ ទាក់ទងនឹងអាថ៌កំបាំង ឬ​ទង្វើ​លាក់​មុខ តាមបែប«ម៉ាហ្វីយ៉ា (Mafia) របស់ក្រុមអ្នកមានអំណាច» នៅកម្ពុជា។ លោក ហេង ពៅ បាន​ជ្រើសរើស​ទស្សនាវដ្ដី «L'Expesse» របស់បារាំង ដើម្បីផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទាក់ទងនឹងការ​ទម្លាយ​អាថ៌កំបាំង​នេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦។

យ៉ាងណាក៏ដោយ គេចង់ឲ្យមានការបកស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធ ជាពិសេសពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកតែម្ដង ទៅនឹងការលើកឡើង របស់លោក ហេង ពៅ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខនេះ។ តែ​រឿងរ៉ាវ បានស្ងាត់បាត់ឈឹងតែម្ដង បន្ទាប់ពីលោក ហេង ពៅ ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ រហូត​ដល់​សព្វថ្ងៃ។ រីឯលោក ហុក ឡងឌី វិញ បានស្លាប់ នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ កាល​ពីថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​ ដែលធ្វើឲ្យរឿងរ៉ាវទាំងឡាយ ដែលទាក់ទងនឹងលោក បានបាត់​រលត់​ទៅ និងនៅតែ​រក​ការ​បក​ស្រាយ​​មិនចេញ។

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការប្រែសម្រួល​កិច្ចសម្ភាស​នោះ​ទាំង​ស្រុង និងក្រៅផ្លូវការ ដូចខាងក្រោម៖

តើលោកបានរត់គេចប្រទេសកម្ពុជា ដោយសារលោកបានដឹង ថាលោក​នឹងត្រូវចោទប្រកាន់ឬ?


- ខ្ញុំបានចេញពីកម្ពុជា ដោយស្របច្បាប់ នៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដោយមានការអនុញ្ញាតត្រឹមត្រូវ ពី​ក្រសួងមហាផ្ទៃ ដើម្បីឲ្យខ្ញុំអាចមកធ្វើការ ព្យាបាលជើងពិការរបស់ខ្ញុំ។ ប្រាំថ្ងៃក្រោយមក មិត្តភ័ក្រ​បាន​ទូរស័ព្ទ​ពី​កម្ពុជា ប្រាប់ឲ្យខ្ញុំកុំវិលត្រឡប់ចូលស្រុកវិញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហុក ឡងឌី (Editor's Note៖ លោក ហុក ឡងឌី ជាអតីត​អគ្គស្នងការនគរបាលជាតិ) បានសង្ស័យថា ខ្ញុំមានទំនាក់ទំនង​ជាមួួយ​គណបក្ស​ប្រឆាំង ហើយពួកគេ (មិត្ត​ភ័ក្រ​លោក ហេង ពៅ) បានរំពឹងទុក ពីការកំចាត់ខ្ញុំចោល។ រដ្ឋាភិបាល​បាន​ប្រឌិត នូវសំនុំរឿងក្ដីមួយ សម្រាប់​ចោទ​ប្រកាន់​ប្រឆាំងរូបខ្ញុំ និងត្រូវបានយកមកប្រើប្រាស់ ម្ដងហើយ​ម្ដង​ទៀត ក្នុង​ការ​ទម្លាក់កំហុស ទៅលើ​​ក្រុម​ប្រឆាំង។ ក្នុងពេលនេះ ក្រុមគ្រួសាររបស់ខ្ញុំ ត្រូវបានបង្ខាំងទុកយ៉ាងសំងាត់ ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ។ គេបាន​ហាម​ឃាត់ ក្រុមគ្រួសារខ្ញុំមិនឲ្យចេញក្រៅ បើសូម្បីតែចេញទៅទិញម្ហូបអាហារ។ នាយក​រដ្ឋមន្ត្រី ចង់ចាប់ខ្ញុំ​ដោយ​ផ្ទាល់​ដៃ ដោយសារខ្ញុំបានដឹងរឿងច្រើនណាស់ ពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ របស់​របបដឹកនាំរបស់លោក។ បើខ្ញុំត្រូវបានឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ខ្ញុំគិតថា ជីវិតខ្ញុំ​នឹង​ត្រូវ​ចប់​ហើយ។ នៅពេលដែល​សុវត្ថិភាព​របស់ខ្ញុំ ត្រូវបានធានានោះ ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការ​បំភ្លឺ​សហគមន៍​អន្តរជាតិ ពីទង្វើរបស់អ្នក​កាន់​អំណាច នៅកម្ពុជា។

ការលើកឡើងរបស់លោក មានន័យយ៉ាងដូចម្ដេច?

- នៅក្នុងឆ្នាំ១៩៩៥ លោក ហ៊ុន សែន ចង់ដាក់បញ្ចប់ នូវបាតុកម្មតាមបែប​ប្រជាធិបតេយ្យ​ទាំងឡាយ។ ដើម្បី​សម្រេចបំណងនេះ លោកបានរៀបចំការប្រជុំមួយ នៅក្នុងលំនៅដ្ឋានរបស់លោក នាទួលក្រសាំង (Editor's Note៖ ខាងត្បូងក្រុងតាខ្មៅ ខេត្តកណ្ដាល) ជាមួយនឹងវត្តមាន របស់លោក ហុក ឡងឌី ដែលបានហៅខ្ញុំ​ឲ្យ​ចូលរួមប្រជុំដែរ។ ខ្ញុំដឹងថានរណាខ្លះ បានចូលរួមប្រជុំ ហើយខ្ញុំមានភស្ដុតាង ពីអ្វីដែលខ្ញុំនិយាយ។ បន្ទាប់មក មានគ្រាប់បែកជាច្រើនគ្រាប់ ត្រូវបានបោះឲ្យផ្ទុះ ប្រឆាំងគណបក្សលោក សឺន សាន (Editor's Note៖ គណបក្ស​​ប្រជាធិបតេយ្យ​ព្រះពុទ្ធសាសនា)។ ខ្ញុំបានដឹង និងអាចនិយាយថា គ្រាប់បែកទាំងនេះមកពីណា ហើយ​នរណា​ជា​អ្នកបោះ៖ នោះគឺជាកងកម្លាំង ដែលស្ថិតក្រោមបង្គាប់របស់លោក ម៉ក់ ជីតូ ដែលសព្វថ្ងៃ​ជា​នាយ​​នគរបាល ប្រឆាំងភេរវកម្ម (Editor's Note៖ នៅឆ្នាំ២០១៦នេះ ជាអគ្គស្នងការរង នគរបាលជាតិ) នៅ​ក្រសួង​​មហាផ្ទៃ។ នៅខែមីនា ឆ្នាំ១៩៩៧ គម្រោងរបៀបដដែលនេះ ត្រូវបានប្រើជាថ្មីទៀត ប្រឆាំង​នឹង​ក្រុម​បាតុករ​ស្និត​​នឹង​​លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង នៅខាងមុខរដ្ឋសភា (ចាស់)។ ខ្ញុំបានមកដល់​ទីនោះ នៅ​​ប៉ុន្មាន​​នាទី​​មុន​គ្រាប់បែកផ្ទុះបន្តិច ហើយខ្ញុំបានឃើញ ជនសង្ស័យបួននាក់ បានរត់តម្រង់គេហដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី (Editor's Note៖ នៅវិមានឯករាជ្យ)។

អ្នកទាំងនោះ ជានរណា?

- ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជា​មេ​បញ្ជាការ​កង​កម្លាំង​នេះ។ លោក​បានប្រាប់ខ្ញុំ ឲ្យនៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។ តែខ្ញុំបានផ្ទុះ​កំហឹង​ឡើង និង​បន្ទាប់​មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី។ លោក ហុក ឡងឌី ក៏មាន​ប្រតិកម្ម​​ដូច​លោក ហ៊ុយ ពិសិដ្ឋ ដែរ។ នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់​អត្តសញ្ញាណ នៅ​នឹង​កន្លែង​នោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នកបោកគ្រាប់បែក។ ជននោះ បាន​និយាយ​ប្រាប់ខ្ញុំថា៖ «ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន»។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាព​របស់​ជននេះ។

តើលោកមានដឹងជាមុនឬទេ នូវរដ្ឋប្រហារ ក្នុងខែកក្កដា ឆ្នាំ១៩៩៧?

- នៅមុនព្រឹត្តិការណ៍នេះ ក្នុងខែកក្កដា (១៩៩៧) កញ្ឆាចំនួន៧តោន ត្រូវបានរឹបអូស នៅកំពង់ផែ​ក្រុង​ព្រះ​សីហនុ។ ការិយាល័យប្រឆាំងគ្រឿងញៀន ដែលខ្ញុំបានដឹកនាំ (នៅពេលនោះ) បានរកឃើញក្បួនរថយន្ដ ដឹក​កញ្ឆា​ទាំង​នេះ មានចំនួនពីរកុងតឺន័រ (Container) សម្រាប់ទិសដៅ ឆ្ពោះទៅកាន់ប្រទេសណ័រវេស។ ក្បួន​រថយន្ដ​​ទាំង​នោះ ជារបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ដែលជាក្រុមហ៊ុន របស់ឧកញ៉ាម្នាក់ ស្និតនឹងនាយករដ្ឋមន្ត្រី។ លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកពីគណបក្សរាជានិយម បានទាមទារឲ្យធ្វើការចាប់ខ្លួន ម៉ុង ឬទ្ធី។ នៅពេលនោះ លោក ហ៊ុន សែន បានបាត់ភាពម្ចាស់ការ លើខ្លួនឯងអស់ហើយ។ នៅហៀបពេលដែលខ្ញុំ ​ត្រូវ​ចេញ​ទៅ​ចូលរួម​ក្នុងសិក្ខាសាលាមួយ ស្ដីពីការប្រយុទ្ធប្រឆាំង ចរាចរណ៍គ្រឿងញៀន នៅ​ប្រទេស​កាណាដា លោក​នាយករដ្ឋមន្ត្រី បានហៅខ្ញុំទៅសួរ៖ «តើពៅឯង ដឹងឬទេ ថានរណាជាអ្នកនៅពីក្រោយ ការ​ជួញ​ដូរនេះ?» ខ្ញុំបានឆ្លើយទៅវិញថា៖ «គឺ ម៉ុង ឬទ្ធី និងមនុស្សសំខាន់ៗប៉ុន្មាននាក់ទៀត នៅជុំវិញសម្ដេច។» អ្នកទាំងនោះ មាន​លោក ហុក ឡងឌី លោកឧត្តមសេនីយ៍ សៅ សុខា ដែលពេលនោះ ជានាយរង​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស ឬក៏លោកឧត្តមសេនីយ៍ ដុំ ហាក់ ដែលជាមេទ័ពម្នាក់ នៃកងទ័ពជើងគោក​កម្ពុជា។

តើលោក ហ៊ុន សែន មានប្រតិកម្មបែបណា?

- លោក​បានប្រាប់ឲ្យខ្ញុំ ផ្អាកដំណើរ​ទៅកាន់​ប្រទេសកាណាដា និងត្រូវនៅក្នុងប្រទេស ដើម្បីរៀបចំ​សន្និសីទ​សារព័ត៌មាន​​មួយ សំដៅលាងសម្អាត ម៉ុង ឬទ្ធី។ បញ្ជារបស់លោក ហ៊ុន សែន បានបង្គាប់ឲ្យផ្លាស់ប្ដូរឯកសារ​ទាំងអស់ ​ដើម្បីឈាន​ទៅធ្វើការចោទប្រកាន់ លើមន្ត្រីរាជអាវុធហត្ថមួយរូប មកពីគណបក្សរាជានិយម គឺ​លោក ចៅ សុខុន ដែលត្រូ​វបានឃាត់ខ្លួន និងយកទៅដាក់ឃុំនៅពេលបន្តិចក្រោយ។ លោក ចៅ សុខុន ម្នាក់នេះ ត្រូវបានដោះលែង​នៅពីរឆ្នាំបន្ទាប់​មក (Editor's Note៖ ដោយមានព្រះរាជសារលើកលែងទោស ពីព្រះ​មហាក្សត្រ) ដោយ​ទទួលបានប្រាក់ទ្រនាប់ដៃ យ៉ាងក្រាស់ក្រែល។ គឺលោក ហ៊ុន សែន នេះហើយ ដែល​បាន​ទម្លាក់​កំហុស​ទៅលើក្រុមរាជានិយម។ តែលោក ហូ សុខ បានដឹងថា គឺលោក ម៉ុង ឬទ្ធី ជាអ្នកប្រព្រឹត្តិ។

ដោយសារហេតុនេះ ទើបលោក (ហូ សុខ) ត្រូវបានសម្លាប់ (ក្នុងរដ្ឋប្រហារ) ឬ?

- ប្រាកដហើយ។ ទង្វើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋប្រហារបានសម្រេច ដែលលោក ហ៊ុន សែន បាន​រៀបចំ​ឡើង ដោយមានជំនួយ​ពីលោក ហុក ឡងឌី ពីឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ - សៅ សុខា និងពី​ក្មួយថ្លៃ​របស់​លោក គឺលោក នេត សាវឿន ដែលនៅពេលនោះ បានដឹកនាំកងកម្លាំងនគរបាល រាជធានីភ្នំពេញ។ នៅ​ក្នុង​ប្រតិបត្តិការ​នៃរដ្ឋប្រហារនោះ លោកនាយករដ្ឋមន្ត្រី​បានរៀបចំ​គម្រោង ចេញទៅ​កាន់​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​បាន​ទាក់ទងជាប្រចាំ តាមទូរស័ព្ទផ្កាយរណប ជាមួយនឹងលោក ហុក ឡងឌី ដែល​លោក​បានតែងតាំង ឲ្យដឹកនាំ​ការធ្វើរដ្ឋប្រហារ។ បន្ទាប់ពីបញ្ជូនខ្លួន ចេញពីស្ថានទូតស៊ាំងហ្គាពួរ (Editor's Note៖ ស្ថានទូត​បរទេស ដែលលោក ហូ សុខ ស្វែងរកការជ្រកកោន​ផ្នែកនយោបាយ បន្ទាប់ពីរដ្ឋប្រហារ) លោក ហូ សុខ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូនទៅឃុំខ្លួន នៅក្នុងបន្ទប់មួយ​ក្នុងក្រសួងមហាផ្ទៃ។ លោក ហុក ឡងឌី បានស្នើឲ្យខ្ញុំ ទៅ​មើល​លោក ហូ សុខ។ តែនៅនឹងកន្លែង ខ្ញុំបានឃើញកងអង្គរក្សចំនួន៦នាក់ របស់នាយនគរបាលជាតិ (លោក ហុង ឡងឌី) បាន​មក​ដល់ទីនោះមុនខ្ញុំរួចហើយ។ ពួកគេបានបាញ់សម្លាប់លោក ហូ សុខ នៅចំពោះមុខខ្ញុំ។ ម្នាក់​ពី​ក្នុង​ចំណោម​នោះ ដែល​ខ្ញុំ​ស្គាល់​ច្បាស់ បានបាញ់ស្រោច​ទៅលើលោក ហូ សុខ រហូតទាល់តែអស់គ្រាប់ ពី​បង់​កាំភ្លើង​ធុន «AK 47» របស់​ខ្លួន។ ខ្ញុំបានសួរពួកគេថា៖ «ហេតុអ្វី ក៏សម្លាប់គាត់?» ពួកគេបានឆ្លើយថា៖ «ខ្ញុំ​មិន​ដឹង​ទេ, លោក ហុក ឡងឌី បានបញ្ជាឲ្យបាញ់សម្លាប់។ ចង់ដឹងពីអ្វីដែលខ្ញុំធ្វើ ទៅសួរគាត់ (លោក ហុក ឡងឌី) ទៅ។» ម្នាក់ផ្សេង បាន​ឆ្លើយបន្ថែមថា៖ «វាត្រូវតែធ្វើអញ្ចឹង ព្រោះលោក ហូ សុខ អាចនឹងបង្កើតឲ្យ​មាន​បញ្ហា»។ រឿង​ដ៏​សំខាន់​មួយ​ទៀត របស់នាយនគរបាលជាតិ ដែលខ្ញុំចង់និយាយដែរ គឺនៅពេលដែលខ្ញុំប្រមូល​​បាន​រថយន្ដ​​​មួយ​​គ្រឿង របស់មន្ត្រីរាជានិយមម្នាក់ ដែលបានគេចខ្លួនបាត់នោះ លោក ហុក ឡងឌី ចង់​យក​រថយន្ដ​នោះ ធ្វើជា​​អំណោយ​ឲ្យ​ទៅ​ជន​ម្នាក់ ដែលបានអនុវត្តបញ្ជា ក្នុងការសម្លាប់លោក ហូ សុខ បាន​ច្បាស់​លាស់​ជាង​គេ។

តើប្រព័ន្ធគ្រប់គ្រង មានដំណើរការបែបនេះឬ?

នៅពេលលោក ហ៊ុន សែន បានបង្គាប់ឲ្យខ្ញុំផ្លាស់ប្ដូរ​ឯកសារ​ទាំងអស់ ដែលទាក់ទងនឹងការរិបអូសកញ្ឆា លោក​បានអះអាងប្រាប់ខ្ញុំថា ឧកញ៉ា ម៉ុង ឬទ្ធី នឹងធ្វើអំណោយឲ្យខ្ញុំ នូវរថយន្ដ «Toyota Land Cruiser» ដ៏​ទំនើប​មួយ​គ្រឿង។ រីឯស្ថាប័នរបស់ខ្ញុំវិញ ក៏នឹងទទួលបាន រថយន្ដ «Hilux» ជជុះមួយគ្រឿងដែរ។ អ្នក​ដែល​ទទួល​អនុវត្ត ​នូវ​អំពើ​បាញ់បោះ ឬ​ឧក្រិដ្ឋកម្ម សុទ្ធតែជាសមាជិក របស់ប្រព័ន្ធគ្រប់គ្រង។ ហើយដើម្បីទិញទឹកចិត្ត និង​បំបាត់​មាត់ គេបាន​ផ្ដល់​អំណោយ ជាប្រាក់ ឬជារថយន្ដ។

តើលោកបានដឹងអ្វីខ្លះ អំពីឃាតកម្ម ទៅលើអតីតតារាភាពយន្ដ ពិសិដ្ឋ ពិលីកា ក្នុងឆ្នាំ១៩៩៩?

- ខ្ញុំត្រូវបានតែងតាំង ឲ្យទទួលបន្ទុកក្នុងការស៊ើបអង្កេត ក្នុងនាមជានាយរងនគរបាលព្រហ្មទណ្ឌ។ ខ្ញុំបាន​ដឹង​ថា ដំបូងឡើយ នាង ពិសិដ្ឋ ពិលីកា មានទំនាក់ទំនង ជាមួយលោក ហុក ឡងឌី ដែលក្រោយមក លោក​នាយ​នគរបាល​ជាតិរូបនេះ បាន​នាំ​នាងទៅឲ្យលោក ហ៊ុន សែន។ តែអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់នាយករដ្ឋមន្ត្រី បាន​ដឹង​ពី​ទំនាក់ទំនង រវាង​ស្វាមី​ខ្លួន និងតារាភាពយន្ដ។ គាត់ (អ្នកស្រី ប៊ុន រ៉ានី) បានខឹងលោក ហុក ឡងឌី ថា​បាន​ដើរតួ ជាអ្នកដឹក​ញ៉ី បន្ស៊ីឈ្មោល។ ហើយលោក ហុក ឡងឌី ក៏បានទៅជួបអ្នកស្រី ប៊ុន រ៉ាឌី ដើម្បី​រំងាប់​រឿង​នេះ ដោយ​បញ្ជាក់​ថា គ្រាន់តែជាការដោះកូយ មួយភ្លែតប៉ុណ្ណោះ។ តែតាមរយៈការស៊ើបអង្កេតរបស់ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​គាត់ (លោក ហុក ឡងឌី) ថែមទាំងបានសន្យាថា នឹងបំបែកនាង ពិសិដ្ឋ ពិលីកា ពីលោក ហ៊ុន សែន នោះ​​ផង។ អ្នក​ដែល​បាន​បាញ់​សម្លាប់ អតីតតារាភាពយន្ដនោះ ជាមនុស្សតែមួយ ដែលបានបាញ់សម្លាប់ លោក ហូ សុខ។ ខ្ញុំផ្ទាល់ ជាអ្នកបានសាកសួរជននោះ ហើយខ្ញុំថែមទាំងបានថតសម្លេង ទុក​ជា​ភស្ដុតាង​យ៉ាង​ច្បាស់​លាស់​ទៀត។

លោកធ្លាប់ជានាយនគរបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៤ នៅពេលដែលមេដឹកនាំ​សហជីព លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់។ តើជនល្មើសពិតប្រាកដ ស្ថិតក្នុងមន្ទីរឃុំឃាំងសព្វថ្ងៃ (ចង​និយាយ​សំដៅ​ទៅ ជន​ជាប់​ចោទ ប៊ន សំណាង និង សុខ សំអឿន) ឬ?

- វាចាំបាច់ ត្រូវមានការស៊ើបអង្កេតមួយ ដ៏ហ្មត់ចត់ និងប្រកបដោយតម្លាភាព ហើយវាជាអ្វី​ដែលខ្ញុំបាន​ទាមទារ ខណៈពេលដែល​អង្គការការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធ​​លើអាជ្ញាធរកម្ពុជា។ នៅ​ប៉ុន្មានថ្ងៃ ក្រោយឃាតកម្ម (ទៅលើលោក ជា វិជ្ជា) ខ្ញុំត្រូវបានហៅឲ្យទៅផ្ទះលោក ហុក ឡងឌី។ ឧត្តមសេនីយ៍​ពីរ​នាក់​ទៀត ក៏មានវត្តមាននៅទីនោះដែរ គឺលោក សុខ ផល និងលោក ឆាយ ស៊ីណារិទ្ធ។ ពេលនោះ លោក ហុក ឡងឌី បានប្រកាសប្រាប់ខ្ញុំថា ក្រុមឃាតករត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនហើយ តាម​រយៈ​របាយការណ៍​​មួយ របស់នគរបាលមកពីខណ្ឌទួលគោក (រាជធានីភ្នំពេញ)... ខ្ញុំយល់ភ្លាមថា ជនសង្ស័យ​ទាំង​ពីរ ប៊ន សំណាង និង សុខ សំអឿន មិនមានជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងអំពើមនុស្សឃាតនេះទេ។ នៅក្នុង​ពេល​កំពុង​​សួរ​​ចម្លើយ លោក ហុក ឡងឌី បានទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់ឲ្យមកយកកាំភ្លើងខ្លីមួយដើម ពីផ្ទះរបស់​លោក ដែលលោកអះអាងថា ជាកាំភ្លើងដែលត្រូវបានប្រើ ក្នុងការបាញ់សម្លាប់មេដឹកនាំសហជីព។ លោក ហុក ឡងឌី បាននិយាយទៀតថា គឺមន្ត្រីនគរបាលម្នាក់ ដែលស្ថិតក្រោមបញ្ជា របស់ឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ ជា​អ្នក​នាំ​កាំភ្លើង​នេះ​​មក​ឲ្យលោក ហើយវាគឺជាកាំភ្លើងរបស់ជនម្នាក់ ពីក្នុងចំណោម​ជន​សង្ស័យ​ទាំងពីរ។ រឿង​នេះ បានធ្វើឲ្យខ្ញុំនឹកឃើញ ពីឃាតកម្មទៅលើតំណាងរាស្ត្រ ឱម រ៉ាសាឌី កាលពីឆ្នាំ២០០៣ នៅ​តាម​ដងផ្លូវ ដែល​ដូច​គ្នាបេះបិត នឹងឃាតកម្មទៅលើលោក ជា វិជ្ជា។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ ថាឧក្រិដ្ឋកម្មទាងពីរនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយជនតែមួយ។ គម្រោងការ និងអាវុធ (ខាងលើ) ដែលយកចេញ ពីផ្ទះលោក ហុក ឡងឌី មាន​លក្ខណៈ​ដូចគ្នា​សុទ្ធសាធ។

តើលោកផ្ទាល់ ធ្លាប់បានទទួលបញ្ជា ឲ្យសម្លាប់នរណាម្នាក់ឬទេ?

- នៅឆ្នាំ២០០៥ លោក ហុក ឡងឌី បានបញ្ជាឲ្យខ្ញុំសម្លាប់លោក នុត សាអាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានទំនាស់ជាមួយលោក ហុក ឡងឌី ពីរឿងបញ្ហាដីធ្លី​របស់រដ្ឋមួយកន្លែង ដែលនគរបាល​ខេត្ត​សៀមរាប ធ្លាប់បានប្រើប្រាស់។ លោក នុត សាអាង បានសម្រេចលក់ដីនោះ ទៅឲ្យអ្នកវិនិយោគ​ទុន​ខាង​សណ្ឋាគារ។ ប៉ុន្តែ​រឿង​នេះ បានធ្វើឲ្យលោក ហុក ឡងឌី ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែលោក នុត សាអាង ដែល​មាន​តួនាទី​ត្រឹម​តែ​រដ្ឋលេខាធិការ ហ៊ានធ្វើការលក់ដូរនេះ ដោយមិនបានសួរលោក ហុក ឡងឌី ជាមុន និង​កាត់​កង​ទ្រព្យសម្បត្តិ​សាធារណៈ ដូចជាទ្រព្យផ្ទាល់ខ្លួន។ លោក ហុក ឡងឌី ចង់បង្ហាញឲ្យគ្រប់គ្នាដឹង​ថា គឺ​មាន​តែ​លោក​ម្នាក់​គត់ ដែលមានសិទ្ធិបញ្ជា និងគ្មាននរណាផ្សេងទៀតឡើយ។ ហើយបើហ៊ាន​បដិសេធ​បញ្ជា របស់​លោក ហុក ឡងឌី ព្រោះនេះជាអំពើ​ប្រឆាំងនឹងច្បាប់នោះ ខ្ញុំនឹងទទួលវាសនា​ដូចលោក នុត សាអាង ដូច្នេះ។ អញ្ចឹង ខ្ញុំបានបង្កើតរឿងផ្សេងៗ ដើម្បីបង្វែរបញ្ជារបស់លោក។ លុះមកដល់ ខែធ្នូ​ឆ្នាំ​២០០៥ នៅក្នុង​អង្គប្រជុំ​របស់​មន្ត្រី​នគរបាល និងថ្នាក់ដឹកនាំខណ្ឌនានា នាសាលារាជធានីភ្នំពេញ លោក ហុក ឡងឌី បានប្រកាស​ដោយ​ចេញ​មុខ ប្រឆាំងនឹងខ្ញុំ។ បន្ទាប់មក លោក ហុក ឡងឌី បានធ្វើការឃាត់ខ្លួនមនុស្ស ​ដែល​ធ្វើការ​ជា​មួយ​ខ្ញុំ ជា​ច្រើន​នាក់ម្នាក់​ម្ដងៗ។

តើគេអាចរស់នៅ ក្នុងប្រព័ន្ធគ្រប់គ្រងរបៀបនេះ បានដែរឬទេ?

- មានរឿងជាច្រើនណាស់ ដែលខ្ញុំបានផ្ដល់ព័ត៌មាន ទៅឲ្យអង្គការការពារសិទ្ធិមនុស្ស និងទៅឲ្យក្រុមប្រឆាំង ហើយខ្ញុំចង់ស្វែងរកនរណាម្នាក់ ដែលអាចបញ្ចេញព័ត៌មានទាំងនោះ ជាសាធារណៈបាន។ ប្រាកដហើយ ថា​ខ្ញុំ​បាន​បិទ​ភ្នែក​ជា​ច្រើន​ដង ទៅលើអំពើពុករលួយ ដែលលោក ហ៊ុន សែន ខ្លួនលោកតែងអួតអាង ពីការ​ប្រយុទ្ធ​ប្រឆាំង។ តែតាមការពិត គឺលោក ហ៊ុន សែន នេះហើយជាអ្នកទទួលប្រយោជន៍ (ពីអំពើពុករលួយ) នេះ​ខ្លាំង​ជាង​គេ។ ជាឧទាហរណ៍ លោក ហ៊ុន សែន ទទួលបានប្រាក់​ពីការលក់សម្បត្តិរដ្ឋ ដូចយ៉ាងស្នងការ​នគរបាល​រាជធានីភ្នំពេញ ចំនួន២លានដុល្លា ខណៈលោក ហុក ឡងឌី ទទួលបាន ៨ សែនដុល្លា។ លោកនាយករដ្ឋមន្ត្រី បានលេងល្បែងដ៏គ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជា។ ខ្ញុំគិតថា នៅ​កម្ពុជា វានឹងគ្មាន​លិទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ ប្រសិនណាជាក្រុមគណបក្ស​ប្រឆាំង មិនអាចរួបរួមគ្នា ដើម្បីប្រឆាំងនឹងការកាន់អំណាចសព្វ​ថ្ងៃនេះ។ រីឯ​ការ​ចោទ​ប្រកាន់នានា ដែលធ្វើឡើងប្រឆាំងនឹងខ្ញុំនោះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឆ្លើយ​តប​នៅ​ចំពោះ​តុលាការ ប៉ុន្តែ​មិនមែន​តុលាការនៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសវៀតណាមនោះទេ។ នៅ​ទី​នោះ គ្មាន​​ទេ​​យុត្តិធម៌៕

 

No comments:

Post a Comment