Monday, November 28, 2016

មូលហេតុអ្វី ហ៊ុន សែន ចង់ប្តូរទំហំផែនទីពី បោន (Bonne) ១/១០០.០០០ មក UTM ១/៥០.០០០?

ហេតុអ្វីយើងត្រូវប្រឆាំង ការកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២ និង មូលហេតុអ្វី ហ៊ុន សែន ចង់ប្តូរទំហំផែនទីពី បោន (Bonne) ១/១០០.០០០ មក UTM ១/៥០.០០០?
ដោយ៖ ខ្មែរ សុវណ្ណភូមិ (ប៉ាង សុខឿន), ថ្ងៃទី២៨ វិច្ឆិកា ២០១៦

នេះមិនមែនជាលើកទីមួយទេដែល ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវការផែនទីខ្នាត ១/៥០០០០ ដើម្បីប្រើក្នុងការកំណត់បន្ទាត់ព្រំដែន និងបង្គលព្រំដែនថ្មី ជាមួយយួន និងការធ្វើ វិសោធនកម្ម មាត្រា២។ ជាការពិតរឿងនេះ វាទាក់ទងទៅនឹងនយោបាយរបស់ ហ៊ុន សែន និង ចៅហ្វាយយួន យ៉ាងជ្រាលជ្រៅ ដែលបានពុះជ្រៀកកាត់យកទឹកដីខ្មែរ រហូតមក ដល់ពេលនេះ ចាប់តាំងពីយួន បានឈ្លានពាននឹងកាន់កាប់ទឹកដីខ្មែរ ពីឆ្នាំ១៩៧៩ មក។

ដំណើររឿងនៃការប្រើផែនទី និងមូលហេតុចំបង
១. នៅសម័យសម្តេចតា៖ ផែនទីដែលខ្មែរប្រើប្រាស់គឺជាផែនទី បោន ខ្នាត១/១០០ ០០០ បោះពុម្ភ ពីចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣។ ផែនទីទាំងនេះ មានចំនួន ២៦ ផ្ទាំងសម្រាប់កំណត់ បន្ទាត់ ព្រំដែនខ្មែរ យួន។ សម្តេចតា នរោត្តម សីហនុ ក៏បានយកផែនទីនេះ ទៅតម្កល់ទុកនៅ អង្គការ សហប្រជាជាតិ នាឆ្នាំ១៩៦៥ ហើយបានការទទួលស្គាល់ ជាអន្តរជាតិផងដែរ។ សម្រាប់ការបោះ បង្គោលព្រំដែន ដែលប្រើតាមផែនទី បោន ខ្នាត ១/១០០ ០០០ ពេលនោះ គឺសម្រេចបោះ បង្គោល ទាំងអស់ មាន ១២៤ បង្គោល ដោយបោះនៅឆ្នាំ១៨៧០, ១៨៧៣, ១៩១៤,១៩៣៥ និង១៩៤២

២.
សម័យរដ្ឋកម្ពុជា យួនគ្រប់គ្រង៖ បន្ទាប់ពីបានឈ្លានពានកម្ពុជាបានសម្រេច និងលើកបន្តុប ហ៊ុន សែន បានកាន់អំណាចរឹងដៃ យួនបានរៀបចំសន្ធិសញ្ញាកំណត់ព្រំដែនគោកជាថ្មី ជាមួយក ម្ពុជាឡើងវិញ ដែលហៅថា «សន្ធិសញ្ញាកំណត់ព្រំដែន រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ១៩៨៥»។ តាមសន្ធិសញ្ញានេះ គឺយួនបានកំណត់ ប្រើប្រាស់ផែនទីថ្មី តាមការចង់បានរបស់ខ្លួន គឺផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០ សម្រាប់ កំណត់ខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាថ្មី ជាមួយកម្ពុជា។ ផែនទី យូធីអឹម ទាំងនេះ ជាផែនទីរបស់ទាហានអាមេរិកកាំង ធ្វើឡើងក្នុងសម័យសង្រ្គាមអាមេរិក និងយួន ក្នុងគោល បំណសង្រ្គាម ដែលគ្មានភាពច្បាស់លាស់ និងបំពានបូរណភាពទឹកដីខ្មែរ ហើយកម្ពុជា មិន ទទួលស្គាល់ និងអន្តរជាតិ មិនទទួលស្គាល់។ ជាពិសេសគឺ ភាគីកម្ពុជា និងវៀតណាម ដែលជា ភាគីមានព្រំដែនរួម មិនដែលបានទទួលស្គាល់ បូរណភាពទឹកដី និងកំណត់ព្រំដែន នៃប្រទេស ទាំងពីរ តាមផែនទីនេះឡើយ។ ហ៊ុន សែន បានទទួលយកសន្ធិសញ្ញានេះ ហើយភាគីយួន បាន បោះពុម្ភផែន យូធីអឹមខ្នាត ១/៥០.០០០ នេះចំនួន ៤០ ផ្ទាំង នៅឆ្នាំ១៩៨៦ ដើម្បីប្រើ ហើយបាន ធ្វើយុទ្ធនាការ បោះបង្គោលព្រំដែនបានចំនួន ៧២ បង្គោល ដោយឯកតោភាគី ពីឆ្នាំ១៩៨៦ ដល់១៩៨៨។ ជារួមការធ្វើផែនទី និងបោះបង្គោលព្រំដែន គឺយួនជាអ្នកសម្រេច ហើយយួន យកដីខ្មែរប៉ុណ្ណាះ នាពេលនោះ បោះបង្គោលនៅត្រង់ណា ក៏គ្មានអ្នកណាដឹងដែរ។
ហេតុអ្វីបានជាការបោះបង្គោលព្រំដែន នាពេលនោះ ត្រូវចាត់ទុកថា ជាការធ្វើដោយឯកតោភាគី? មូលហេតុគឺសម័យនោះ យួនជាអ្នកគ្រប់គ្រងខ្មែរ ផែនទីយួនជាអ្នកបោះ សន្ធិសញ្ញាកំណត់ព្រំដែន យួនជាអ្នកសរសេរ ហើយខ្មែរសម័យនោះ ក៏គ្មានអ្នកជំនាញព្រំដែន និងខាងផែនទីដែរ ហើយបើ និយាយពីមេដឹកនាំវិញ សុទ្ធតែជាពួករៀនមិនចប់អនុវិទ្យាល័យទាំងអស់។ និយាយទៅកុំថា តែ សម័យនោះ សូម្បីតែសម័យនេះ ខាងរដ្ឋាភិបាល នៅតែមិនមានធនធាន នេះពិតប្រាកដ មកធ្វើ កិច្ចការ ខាងព្រំដែននៅឡើយ។ ជាក់ស្តែង វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែន រដ្ឋាភិបាល ក៏មិនមានជំនាញ ខាងព្រំដែនពិតប្រាកដដែរ ហើយក៏សុទ្ធតែជាកូនសិស្សបស់ លោក ស៊ាន ប៉េងសែ ដូចលោក អ៊ុំ សំអាន, លោក ប៉ាង សុខឿង (ខ្មែរ សុវណ្ណភូមិ) និងលោក ម៉ែន ណាត ដូចតែគ្នាទេ។ ក្រៅពីនេះ ដូចជាលោកស្រី កុយ ពីសី ដែលជាអនុប្រធានគណៈកម្មការព្រំដែន ក៏មិនមានជំនាញនេះដែរ គឺសុទ្ធតែទើបបានទៅរៀនសូត្រខ្លះៗ ជាមួយភាគី យួន ប៉ុណ្ណោះ អំពីរឿងព្រំដែននេះ។

៣.
ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣ មានរដ្ឋាភិបាលថ្មី ត្រូវបានប្រសូត្រឡើង។ ក្នុងស្មារតី ការពារបូរណភាពទឹកដី ស្របតាមផែនទីខ្មែរ ដែលអន្តរជាតិទទួលស្គាល់ ឆ្នាំ១៩៦៥ និង ស្រប តាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ហើយតាមការស្វែងយល់ អំពីការបាត់បង់ ទឹកដីខ្មែរ ក្រោមអាណានិគមយួន ពីឆ្នាំ១៩៧៩ មក ១៩៨៩ តាមរយៈការបោះបង្គោលព្រំដែនថ្មី និងការប្រើផែនទីថ្មី ដែលអន្តរជាតិមិនទទួលស្គាល់ ថ្នាក់ដឹកនាំខ្មែរ នាពេលនោះ បានកំណត់យក ការប្រើប្រាស់ប្រភេទផែនទី និងចន្លោះឆ្នាំបោះពុម្ភផែនទី សម្រាប់កំណត់បូរណភាពទឹកដី និងអធិបតេយ្យជាតិ មកដាក់បញ្ចូលក្នុងមាត្រា នៃច្បាប់រដ្ឋធម្មនុញ្ញជាតិ ចែងក្នុងជំពូក​ទី​ ១ អំពី​អធិបតេយ្យ ក្នុង មាត្រា​ ២​ ដែលមានន័យថា៖ «បូរណភាព​ទឹកដី​របស់ ​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០ ​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩»។ មាត្រានេះ បានក្លាយជាខឿនដ៏រាំងមាំមួយ សម្រាប់ការពារបូរណភាពទឹកដីខ្មែរ និងបានក្លាយជាបន្លាក្នុងកែវភ្នែកភាគីយួន និងក្រុមអាយ៉ងរបស់ខ្លួន ហ៊ុន សែន នៅក្រុងភ្នំពេញ ចាប់តាំងពីពេលនោះមក។

៤.
ការបន្តបោះបង្គោលព្រំដែន ការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និង គោលបំណងកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២ របស់ ហ៊ុន សែន៖ បន្ទាប់ពី មានរដ្ឋាភិបាលថ្មី ឆ្នាំ១៩៩៣ ការបោះបង្គោលព្រំដែន ត្រូវបានផ្អាកមួយរយៈ ហើយត្រូវបានបន្តឡើងវិញ នៅពេលដែល ហ៊ុន សែន បានធ្វើរដ្ឋប្រហារ ឆ្នាំ១៩៩៧ និងកាន់កាប់អំណាចពេញក្នុងដៃ ឡើងវិញ។ លុះដល់ ឆ្នាំ២០០៥ ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម២០០៥ បន្តជីវិតឲ្យ «សន្ធិសញ្ញា កំណត់ព្រំដែន រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ១៩៨៥» រស់ឡើងវិញ ដើម្បីបម្រើ យួនតទៅទៀត។ ក្នុងសន្ធិសញ្ញាបំពេញបន្ថែម ២០០៥ ក្នុងនោះមានចំណុចមួយចំនួន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ភាគីទាំងពីរ បានឯកភាពគ្នា ធ្វើផែនទីចម្លងពីផែនទី បោន ១/០០.០០០ មកផែនទីយូធីអឹម ១/៥០.០០០ និងភាគីយួន ជាអ្នកធានាបោះពុម្ភផែនទីចម្លងនេះ សម្រាប់ប្រើប្រាស់បោះបង្គោល ព្រំដែន និងធានាចេញថ្លៃ កសាងបង្គោលព្រំដែនផងដែរ ហើយការបោះបង្គោល នឹងចាប់ផ្តើមពីឆមាសទី១ នៃឆ្នាំ២០០៦។

សូមបញ្ជាក់ថា ដោយសារតែដឹងរឿង សន្ធិសញ្ញបំពេញបន្ថែមនេះ ទើបសម្តេចតា មានផែនការ ដាក់រាជមិនចង់ពាក់ព័ន្ធ ហើយក្រោយមក ហ៊ុន សែន ក៏បានគំរាមព្រះមហាក្សត្រថ្មី ដើម្បីរំលាយ របបរាជានិយមចោល ថែមទៀត ប្រសិនបើមិនព្រមទទួលស្គាល់ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ នោះ។ ក្នុងពេលនោះ ក្រៅពីការគំរាមព្រះមហាក្សត្រ គឺមានសកម្មជនព្រំដែន និងសកម្មជនសង្គមជាច្រើន បានរងគ្រោះដោយត្រូវរត់ចោលស្រុក និងជាប់គុកព្រោះតែប្រឆាំង ហ៊ុន សែន នឹងរឿងសន្ធិសញ្ញាបំពេញបន្ថែម ២០០៥ និងការសម្រេចយកផែនទីខុសច្បាប់នេះ មកប្រើ រួមមាន លោក ម៉ែន ណាត, លោក ឆាំ ឆានី, លោក អៀ ចាន់ណា, លោក ប៉ាង សុខឿន, (ក្រុមរត់ភៀសខ្លួនមកប្រទេសទី៣), លោករ៉ុង ឈុន លោក ម៉ម សូ ណង់ដូ, លោក ប៉ា ងួនទៀង (ក្រុមជាប់គុក), លោក ជា មុន្នី (ភៀសខ្លួន តែក្រោយមកចូលស្រុកវិញ)។

ជារួម រឿងប្រើផែនទី និងចម្លងផែនទី ពីប្រភេទផែនទីបោន ១/១០០ ០០០ មកផែនទីយូធីអឹម ១/៥០ ០០០ នេះ មិនមែនមែនជារឿងថ្មីទេ តាមពិតជារឿង ហ៊ុន សែន បានធ្វើ និងប្រើរួចហើយ តាំងពីឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ មកដល់ពេលនេះ ហើយការបោះបង្គោលព្រំដែន ដោយប្រើផែនទី យូធីអឹម ១/៥០.០០០ នេះ ទៀតសោធគឺ សម្រេចបាន ៨៣% ទៅហើយ។ ចុះ ហេតុអ្វីបានជា ហ៊ុន សែន ធ្វើជាលើកមកស្នើសុំនៅពេលនេះ ដោយចង់ឲ្យមានអ្នកជំនាញបារាំង ចូលរួមទៅវិញ? បើមានការធ្វើមែន តើយកផែនត្រូវចម្លងថ្មីនោះ មកធ្វើអ្វី បើបង្គោលព្រំដែនបោះជិតរួចទៅហើយ នោះ? តើ ហ៊ុន សែន នឹងត្រូវបោះបង្គោលព្រំដែនសារជាថ្មី ទាំងអស់ឡើងវិញតាមផែនទីថ្មី នោះឬ? សូមបងប្អូនជនរួមឈាមខ្មែរគិតទៅមើល!

តាមពិតទៅវាគ្រាន់តែជាល្បិចថោកទាបមួយរបស់ ហ៊ុន សែន ចង់បន្លំ និងបង្វែងដានខ្មែរប៉ុណ្ណោះ ព្រោះថាទោះបី ហ៊ុន សែន បានគំរាមព្រះមហាក្សត្រ រដ្ឋសភា និងពលរដ្ឋខ្មែរបានជោគជ័យ ឲ្យទទួលយកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបានប្រើប្រាស់ផែនទីចែង ក្នុងសន្ធិសញ្ញានេះ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនថ្មី បាន ៨៣% ជិតសម្រេចក៏ដោយ តែ ហ៊ុន សែន នៅមានឧបស័គ្គមួយដ៏ធំចំពោះមុខ គឺ«មាត្រា២ នៃរដ្ឋធម្មនុញ្ញាជាតិ»។ ដូច្នេះ ហ៊ុន សែន ត្រូវតែកែប្រែមាត្រានេះឲ្យខាងតែបាន តែវិធីនេះត្រូវការសំលេង ២/៣ នៃសមាជិកសភា ដែលជាការលំបាកសម្រាប់ ហ៊ុន សែន ក្នុងការសម្រេចជោគជ័យ។ ដូច្នេះ ប្រសិនបើផ្លូវនេះ មិន ជោគជ័យ ហ៊ុន សែន មានតែប្រើវិធីបោកថ្មី ដោយ ធ្វើជាស្នើសុំឲ្យមានការចម្លងផែនបោនខ្នាត ១/១០០ ០០០ ដូចមានចែងក្នុងរដ្ឋនុញ្ញា មកជាផែនទី យូធីអឹម ខ្នាត ១/៥០ ០០០ ដោយលើក ហេតុផលថា «ទុកសម្រាប់ប្រើ ក្នុងការកំណត់ព្រំដែន និងបោះបង្គោលព្រំដែនវិញ ព្រោះវាមាន ភាពច្បាស់ និងងាយស្រួលមើលជាង»។ នៅពេលអនាគត ពេលផែនការនេះ បានសម្រេច ហ៊ុន សែន នឹងឲ្យសភាអនុម័តយល់ព្រមលើផែនទីនោះ ពេលនោះ ហ៊ុន សែន យកទៅបោះបង្ហើយ ចុងក្រោយ ប៉ុន្មានភាគរយនៅសល់ គឺជាការស្រេច ហើយអ្វីៗនឹងស្របច្បាប់ ហ៊ុន សែន ក៏អាច លុបលាងទោសក្បត់ជាតិ រឿងកាត់ដី កាត់ភូមិ គាត់ស្រែឲ្យយួន របស់ខ្លួនបានដោយ ជោគជ័យ។ ហ៊ុន សែន នឹងយកផែនទីថ្មីនោះ មកសំអាង ដើម្បីបង្ហាញភាពស្របច្បាប់ របស់ខ្លួន ថាជាផែនទី ផ្ទេរមកពីផែនទី ចែងក្នុងរដ្ឋធម្មនុញ្ញ មានបារាំងមកជួយ ជំនួសឲ្យ ផែនទី យូធីអឹម ខ្នាត ១/៥០០០០ ខុសរដ្ឋធម្មនុញ្ញ ដែលយួនបោះពុម្ភឲ្យប្រើ ហើយខ្លួន បានយកកប្រើពីមុនមក យ៉ាងពិតប្រាកដ។ រីឯមេដឹកនាំខ្មែរ កូនចៅខ្មែរ ពលរដ្ឋខ្មែររស់តាមព្រំដែនដែលបាត់ដី បាត់ភូមិ ជំនាន់ក្រោយ ក៏មិនអាចតវ៉ាបានទៀតដែរនៅពេលអនាគត។ ជារួម អ្វីៗត្រូវចប់ យួន បាន ជោគជ័យ ហើយ ហ៊ុន សែន សងគុណយួន បានសម្រេច និង រួចខ្លួនពីទោសក្បត់ជាតិ ទាំងអស់។

នេះហើយជាមូលហេតុ ដែលយើងត្រូវប្រឆាំង ការកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២ និង មូលហេតុដែល ហ៊ុន សែន ចង់ប្តូរទំហំផែនទី ពី ១/១០០០០០ មក ១/៥០០០០។



No comments:

Post a Comment