Thursday, August 3, 2017

ហ៊ុន សែន កើតជំងឺតួឯក ព្រមានជាថ្មី រឿងស្រុកកើតចលាចល បើអវត្តមានរូបលោក


ហ៊ុន សែន គំរាម​ពី​ការ​ស្លាប់​ ខណៈ​បក្ស​ប្រឆាំង​ថា ​កម្ពុជា​ជា​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល

ដោយ យាង សុជាមេត្តា, RFA, 03-8-2017
គណបក្ស​ប្រឆាំង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ​ចំពោះ​សារ​គំរាម​របស់​លោក ហ៊ុន សែន ពី​ការ​ស្លាប់​របស់​លោក។ លោក ហ៊ុន សែន ថ្លែង​ជា​ថ្មី​ថា នៅ​ពេល​លោក​ស្លាប់​ភ្លាម គឺ​ក្រុម​យោធា​ដែល​បច្ចុប្បន្ន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នឹង​ឡើង​គ្រប់គ្រង​សភាពការណ៍ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ស្រុកទេស​មាន​ការ​ប្រែប្រួល។
ក្នុង​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ដើម​ខែ​សីហា នេះ លោក ហ៊ុន សែន បាន​ថ្លែង​សារ​ដល់​ទៅ​ពីរ​ដង ទស្សន៍ទាយ​ពី​សភាពការណ៍​ស្រុកទេស​ដែល​អាច​ប្រែប្រួល​នៅ​ពេល​គ្មាន​រូបលោក​ភ្លាម។
​ថ្លែង​នៅ​ចំពោះ​មុខ​កីឡាករ កីឡាការិនី ដែល​ទៅ​ជួប​លោក​នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៣ ខែ​សីហា មុន​នឹង​ចាកចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ពី​ការ​ស្លាប់​របស់​លោក។ សារ​សំដៅ​ទៅ​កាន់​បក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន តែង​ចោទ​ថា បាន​យក​ការ​ស្លាប់​របស់​លោក​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ លោក ហ៊ុន សែន យល់​ថា ការ​ស្លាប់​របស់​លោក​គឺ​ជា​គ្រោះ​អាក្រក់​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។
​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នៅ​កម្ពុជា សង្កត់​ធ្ងន់​ថា ប្រសិនបើ​លោក​ស្លាប់​ភ្លាម នោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក រាប់​តាំង​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូត​ដល់​អនុ​រដ្ឋលេខាធិការ​ដែល​មាន​មុខងារ​នយោបាយ នឹង​ត្រូវ​រលាយ​ទៅ​តាម​លោក​ជា​ស្វ័យប្រវត្តិ​ភ្លាម​ដែរ។ ដូច្នេះ លោក​ថា គឺ​មាន​តែ​ក្រុម​យោធា និង​នគរបាល​ដែល​ឋិត​នៅ​ក្នុង​មុខងារ​សាធារណៈ​ទេ ដែល​ជា​អ្នក​គ្រប់គ្រង​សភាពការណ៍។
លោក ហ៊ុន សែន៖ «នៅ​ទី​នេះ​មាន​អគ្គបញ្ជាការ ប៉ុល សារឿន អគ្គ​នគរបាល​ជាតិ នេត សាវឿន អគ្គបញ្ជាការ​រង និង​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សៅ សុខា ប៉ុន្តែ​នៅ​មាន​បណ្ដា​អង្គភាព​ដទៃ​ទៀត​ដែល​ពេល​ហ្នឹង​ជួនកាល​មាន​ការ​ញុះញង់ គឺ​វាយ​គ្រឹប​តែម្ដង ខ្មោច​មិន​អាច​ងើប​មក​ត្រួតត្រា​សភាពការណ៍​ទេ ហើយ ទៀ បាញ់ ក៏​អស់​តំណែង ស ខេង ក៏​អស់​តំណែង តើ​ទៅ​ត្រួត​ពី​ណា​ទៀត? អ៊ីចឹង​រឿង​ហ្នឹង ពេល​ខ្លះ​ត្រូវ​យល់ កុំ​ចង់​ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បី​នឹង​គ្រប់គ្រង»
កាល​ពី​ថ្ងៃ​ទី​១ សីហា នៅ​ចំពោះ​មុខ​និស្សិត​ដែល​ទៅ​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា លោក ហ៊ុន សែន ក្រៅ​តែ​ពី​ព្រមាន​ពី​ភាព​វឹកវរ​របស់​ស្រុកទេស​ក្រោយ​អត់​ពី​លោក​ទៅ លោក​ក៏​បាន​ព្រមាន​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​ឲ្យ​ប្រដែប្រដៅ​កូនចៅ​របស់​ខ្លួន​ដែល​លោក ហ៊ុន សែន ចោទ​ថា តែង​យក​សេចក្ដី​ស្លាប់​របស់​លោក​មក​លេងសើច ឬ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​នោះ។ លោក ហ៊ុន សែន ថា កុំ​ចេះ​តែ​បន់​ឲ្យ​លោក​ស្លាប់ ហើយ​បើ​នៅតែ​កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​លោក នោះ​បក្ស​ប្រឆាំង​នឹង​ជួប​គ្រោះថ្នាក់។
បន្ថែម​ទៅ​លើ​ការ​ព្រមាន​អំពី​ការ​ស្លាប់ លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ​និយាយ​គាំទ្រ​ចំពោះ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ដែល​ចេញ​មុខ​ព្រមាន​ប្រើ​ដំបង ឬ​គល់​ឫស្សី​វាយ​សំពង​ក្បាល ឬ​បំបែក​ធ្មេញ​អ្នក​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត។ បើ​ទោះ​ជា​ដឹង​ថា ភាសា​ហិង្សា​ទាំង​អស់​នេះ កន្លង​ទៅ​ត្រូវ​បាន​គេ​រិះគន់​ក៏ដោយ លោក ហ៊ុន សែន នៅ​តែ​ថ្លែង​ហាក់​មាន​ចេតនា​ឌឺដង ដោយ​បន្ត​កម្ទេច​អ្នក​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន មិន​និយាយ​ត្រឹម​ប្រើ​ដំបង ឬ​គល់​ឫស្សី​នោះ​ទេ តែ​លោក​ព្រមាន​ថា មិន​ដែល​រដ្ឋ​ណា​មួយ​ដែល​គ្មាន​កាំភ្លើង និង​គុក​​នោះ​ទេ។
បើ​ទោះ​ជា​មាន​ការ​ព្រមាន​ម្ដង​ជា​ពីរ​ដង​បែប​នេះ​ក្ដី មន្ត្រី​គណបក្សប្រឆាំង​ហាក់​មិន​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា បើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​និយាយ​ដដែលៗ​ទៀត វា​ជា​រឿង​របស់​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ប្រទេស​កម្ពុជា ជា​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល មិន​មែន​ជា​របស់​បុគ្គល​ណា​មួយ​នោះ​ឡើយ។
លោក យឹម សុវណ្ណ៖ «ខ្ញុំ​គិត​ថា មាន​បណ្ឌិត​ច្រើន​ណាស់ ហើយ​មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​នឹង​ជួយ​ស្តារ​ប្រទេស​ជាតិ​យើង​ឡើង​វិញ វា​មិន​មែន​តែ​រឿង​ពឹង​តែ​លើ​អ្នក​ណា​ម្នាក់​នោះ​ទេ ពេល​គាត់​នៅ​ជា​រឿង​មួយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ម៉េច​ក៏ដោយ បើសិនជា​ប្រទេស​របស់​យើង​ទៅ​ហើយ យើង​ត្រូវ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា»
អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ តែង​រិះគន់​ចំពោះ​សារ​គំរាម​របស់​បក្ស​កាន់​អំណាច ដោយ​ពួកគេ​យល់​ថា វា​ជា​ការ​វាយបំបាក់​ស្មារតី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ដោយ​បក្ស​កាន់​អំណាច​មុន​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ។
ក្រៅ​ពី​សារ​គំរាមកំហែង បក្ស​កាន់​អំណាច​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ និង​រូបភាព ធ្វើ​យ៉ាង​ណា​ឲ្យ​ដៃគូ​ប្រជែង​របស់​ខ្លួន​ថមថយ​កម្លាំង តាម​រយៈ​ការ​កែប្រែ​ច្បាប់ ដាក់​គំនាប​លើ​បក្ស​ប្រឆាំង ការ​ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​គុក និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ជាដើម។
ទោះ​ជា​យ៉ាង​ណា លោក យឹម សុវណ្ណ យល់​ថា ពលរដ្ឋ​មើល​ឃើញ​រូបភាព​ទាំង​អស់​នេះ ហើយ​ពួកគាត់​នឹង​សម្ដែង​ឆន្ទៈ​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៕

No comments:

Post a Comment